ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ ឧបត្ថម្ភលើកទី២ ជូនគ្រួសាររងហានិភ័យ ពីសម្ពាធអតិផរណា ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ ។
យោងតាមសារលិខិតររបស់រាជរដ្ឋាភិបាល ស្ដីពីការបើកផ្ដល់សាច់ប្រាក់ ឧបត្ថម្ភលើកទី២ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «តាមការសន្យា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារ ប្រជាពលរដ្ឋគោលដៅ ដែលបានកំណត់អត្តសញ្ញាណរួច ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ»។
សម្ដេចតេជោ ក៏បានអញ្ជើញគ្រួសារ ងាយរងហានិភ័យ ដែលបានកំណត់ អត្តសញ្ញាណទាំងអស់ រួមទាំងគ្រួសារងាយហានិភ័យ ទទួលបានប្រាក់ ឧបត្ថម្ភលើកទី១, គ្រួសារគោលដៅក្រោមកម្មវិធី ជំនួយសង្គម ជាសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលបានបិទបញ្ចប់ និងគ្រួសារងាយរងហានិភ័យ ដែលទើបបានកំណត់អត្តសញ្ញាណថ្មី និងបានផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ/សង្កាត់ រួចរាល់ ទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរវីងណាមួយ ដែលនៅជិតកន្លែងបងប្អូនរស់នៅ ដើម្បីទទួលបាន សាច់ប្រាក់ឧបត្ថម្ភលើកទី២ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសនេះ កុំបីខាន ។
សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងអំឡុងពេលមានវិបត្តិ ក្នុងគោលបំណង ជួយសម្រួលដល់ជីវភាពរបស់គ្រួសារ ប្រជាពលរដ្ឋកម្ពុជា ពិសេសគ្រួសារក្រីក ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលនេះស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការមិនបោះបង់នរណាម្នាក់ចោល និងបានបង្ហាញយ៉ាងច្បាស់ អំពីភាពជាម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដ៏ប៉ិនប្រសប់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយ ភាពធន់, សមធម៌, និងបរិយាបន្ន។ រាជរដ្ឋាភិបាល នឹងបន្តយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា និងដាក់ចេញនូវអន្តរាគមន៍ គាំពារសង្គមនានា ឱ្យបានទាន់ពេល តាមការចាំបាច់។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមាន សម្ពាធអតិផរណា ដោយបាន បើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី ១ រួចរាល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដែលគ្រួសារ ប្រជាពលរដ្ឋងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណ បានទៅបើកប្រាក់ឧបត្ថម្ភនៅបញ្ជរវឹង នៅទូទាំងប្រទេស៕