ភ្នំពេញ៖ ក្រោមស្នាដៃស្ថាបនិកពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងស្មារតីសាមគ្គីភាព ការងាររបស់មន្រ្ដីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ សមិទ្ធផលថ្មីលើទឹកដីសន្តិភាព អគារបេឡាជាតិសន្ដិសុខសង្គមថ្មី មានកម្ពស់ ២១ជាន់ ទំហំ ៧៥ម x ៦៩ម ជាប្រភេទស្ថាបត្យកម្មទំនើប រចនាបទខ្មែរ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី បានលេចចេញជារូបរាងឡើងយ៉ាងត្រចះត្រចង់ ដើម្បីទុកជាកន្លែងសម្រាប់បម្រើសេវា ជូនដល់បងប្អូនមន្រ្តីរាជការ បងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
បន្ទាប់ពីបញ្ចប់ការសាងសង់ទាំងស្រុង កាលពីពេលថ្មីៗនេះ ស្របនឹងឱកាសពិធីប្រពៃណីទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់ឆាប់ៗខាងមុខ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម បានរៀបចំប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងបដិមា ចម្រើនព្រះបរិត្ត និងរាប់បាត្រ សូត្រមន្ដប្រោះព្រំលើកសិរីសួស្តីជ័យមង្គល និងសុំទឹកសុំដី សុំសេចក្ដីសុខចម្រើន ដើម្បីចូលធ្វើការក្នុងអគារការិយាល័យថ្មី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានការចូលរួមជួបជុំ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ធ្វើនមស្ការព្រះរតនត្រ័យសម្មាទានសីល និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សូត្រមន្តលើករាសីចំរើនសិរីសួស្តីក្នុងឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការទាំងអស់ ក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម ឱ្យទទួលបានជោគជ័យ លើរាល់ការបំពេញភារកិច្ចថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
ការធ្វើពិធីសាសនាពេលនេះ ជាការគោរពប្រតិបត្តិ ប្រពៃណីទំនៀមទំលាប់ជាតិ ទន្ទឹមនឹងប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីដែលជាអគ្គមគ្គុទេ្ទសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ បានពុះពារឆ្លងកាត់ដោយជោគជ័យ លើស្ថានភាពដ៏លំបាកនៃការរីករាលដាល ជំងឺកូវីដ-១៩ កសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាប្រវត្តិសាស្រ្ត នៃប្រជាជាតិកម្ពុជាទាំងមូល។
ក្នុងពិធីដ៏សិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដី សូមប្រោសព្រំសព្វសាធុការពរ បវរមហាប្រសើរជូន ដល់ប្រមុខរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ របស់បេឡាជាតិសន្ដិសុខសង្គម ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួនសំដៅរួមគ្នា ជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកយ៉ាងសកម្ម សម្រាប់ការអភិវឌ្ឍសង្គមជាតិ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ លើកកម្ពស់សុខុមាលភាព លើកស្ទួយសមធម៌ សាមគ្គីធម៌និងយុត្តិធម៌ ក្នុងសង្គមដែលមិនអាចខ្វះបាន៕


















