ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឲ្យបញ្ចៀសការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋ ដែលបានជាប់កម្ចីឥណទានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ លើបញ្ហាកម្ចី ធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀស នូវរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចង ប្រជាពលរដ្ឋដែលបានជាប់កម្ចីឥណទាន ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមាន លទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន»។
សម្ដេចតេជោ បន្ដថា ដោយឡែក ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យអនុវត្តចំណាត់ការ តាមផ្លូវច្បាប់ ចំពោះបុគ្គលដែល ញុះញង់ និងឃោសនាមិនឲ្យសងត្រឡប់ ឬចេញមកនិយាយបំផុស ចលនាមិនឲ្យសងបំណុល ៕