ភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យមើល ការប្រមូលផលស្វាយចន្ទី នៅខេត្តកំពង់ធំ និងពិនិត្យមើលឃ្លាំង ស្តុកស្វាយចន្ទីនៅខេត្តព្រះវិហារ ។

ទីតាំងទាំងពីរនោះរួមមានៈ១.កសិដ្ឋានដាំដុះស្វាយចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ កសិដ្ឋាននេះ កំពុងប្រមូលផលលើផ្ទៃដីដាំដុះចំនួន ៥៨០ ហិកតា។ សម្រាប់ឆ្នាំ២០២៣ នេះ, កសិដ្ឋានបានធ្វើការប្រមូលផលបានចំនួន ១៣០ តោន។

២.ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុន កំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដី ចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់ បានធ្វើការកែច្នៃស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារ ប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ ។

បច្ចុប្បន្ន, យោងតាមរបាយការណ៍ សមាគមស្វាយចន្ទីផ្ទៃដីដាំស្វាយចន្ទី នៅទូទាំងខេត្តព្រះវិហារ មានសរុបចំនួន ៨៤ ៣៩១ ហិកតា និងមានសហគមកសិកម្មដាំដុះស្វាយចន្ទី មានចំនួន ៤៣ សហគម។

ជាមួយគ្នានេះ, នៅពេលខាងមុខ លោកបណ្ឌិត កៅ ថាច នឹងធ្វើការចុះទៅពិនិត្យមើលការប្រមូលផលរបស់បងប្អូនសហគមស្វាយចន្ទី និងក្រុមហ៊ុនប្រមូលទិញស្វាយចន្ទី នៅ តាមមបណ្តាខេត្តមួយចំនួន មាន កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ជាដើម៕

