ព័ត៌មានជាតិ

សមាគមធនាគារ និងអង្គការ SPTF រួមគ្នាលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ៖ នាពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា (ABC) និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ABC និងអង្គការ SPTF បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ នឹងផ្តល់នូវក្របខ័ណ្ឌមួយក្នុងការ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ រាប់ចាប់ពីទស្សនវិស័យនៃ ការគ្រប់គ្រងហានិភ័យក្នុងការ ជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារ អតិថិជននៅកម្ពុជា។

សមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួន រួមមាន៖ ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារ ក្នុងការអនុវត្តឱ្យបានជោគជ័យ នូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិក ក្នុងការវាយតម្លៃទៅលើអនុលោមភាព នៃការអនុវត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រម ត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈមចំពោះការ អនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារ ដោយប្រើប្រាស់ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជន ក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិ កសាងសមត្ថភាពសមាជិកក្នុងការ អនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះ សមាជិកនៃសមាគមធនាគារ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹង ហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱប្រសើរឡើងនូវយន្តការ នៃការការពារអតិថិជនរបស់ពួកគេ។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សេវា និងផលិតផលធនាគារត្រូវបានបង្កើតឡើង ផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹងអតិថិជន ការការពារអតិថិជនគឺជារឿង ចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្នាជាមួយ SPTF នឹងចូលរួមចំណែកលើកកម្ពស់ កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវភាពខ្លាំង រឹងមាំ កេរ្ត៍ឈ្មោះ នៃឧស្សាហកម្មធនាគារ។

លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា « យើងពិតជារីករាយដើម្បីផ្សារភ្ជាប់ នូវទំនាក់ទំនងជាមួយ សមាគមធនាគារនៅកម្ពុជា (ABC)។ ការងាររបស់យើងជាមួយ សមាគមធនាគារនៅកម្ពុជា នឹងរួមបញ្ជូលនូវការរៀបចំសិក្ខាសាលាកសាង សមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួនទៀត ក្នុងការពង្រឹងនូវកិច្ចការពារអតិថិជន នៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាល ប្រទេសឡុចហ្សំបួរតាមរយៈ ក្រសួងការបរទេសអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA និងផ្តល់ការគាំទ្រដល់ការងារ របស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជាវិជ្ជមាន»។

នាឱកាសនោះ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា « អនុស្សរណៈយោគយល់គ្នានេះ នឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្ត ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុងការគោលដៅលើកម្ពស់កំណើន ប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងបង្កើនកិច្ចការពារអតិថិជន»។

លោក បានបន្ថែមថា កិច្ចការពារអតិថិជនគឺជា កិច្ចការអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័នុ្ធធនាគារ ទាំងមូលផងដែរ ៕

To Top