ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបញ្ចូល សមាជិកបក្សប្រជាជនថ្មីជិត ៨០០នាក់ និងសំណេះសំណាលជាមួយ យុវជនបក្សប្រជាជន ស្រុកខ្សាច់កណ្ដាល

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្ដាល ដែលប្រព្រឹត្តទៅតាមកម្មវិធីចំនួន២ ដាច់ដោយឡែកពីគ្នា ដែលកម្មវិធី៖ ទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះចូរ៉ាម និងកម្មវិធីទី២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រះប្រសប់។

ពិធីនេះ មានការចូលរួមពី អនុប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារចលនា យុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ សមាជិកសមាជិកាក្រុមការងារយុវជនស្រុក-ឃុំ និងសមាជិកសមាជិកាក្រុមការងារយុវជនទាំង ៤ឃុំ ដែលប្រកាសបញ្ចូលជាសមាជិកបក្ស ថ្ងៃនេះសរុបចំនួន ៧៨០នាក់។

សមាជិកសមាជិកាជាយុវជន ដែលបានប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ មាន៤ឃុំ សរុបចំនួន ៧៣២ នាក់ ក្នុងនោះឃុំតាឯកចំនួន ៨៦ នាក់, ឃុំកោះចូរ៉ាមចំនួន ២០៩ នាក់, ឃុំស្វាយរមៀតចំនួន ៨៦ នាក់, និងឃុំព្រះប្រសប់ចំនួន ៣៥១ នាក់។

ក្នុងឱកាសនោះលោកបណ្ឌិត កៅ ថាច បានថ្លែងនូវការអបអរសាទរ ចំពោះសមាជិកសមាជិកាជាយុវជន ដែលបានបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជានាពេលនេះ។ លោកបណ្ឌិតបានរំលឹក និងជម្រាបជូនក្មួយៗជាយុវជន ដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ហើយលោកបណ្ឌិតក៏បានស្នើដល់ក្មួយៗ ជាយុវជនដែលជាសមាជិកគណបក្សទាំងអស់ (ទី១)ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង (ទី២)ត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផល របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាពឱ្យបានជាដាច់ខាត (ទី៣)គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គនាគត (ទី៤)ត្រូវខិតខំកសាងអំពីល្អឱ្យបាន ច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យបរិស្ថានទីតាមទីសាធារណៈ (ទី៥) ត្រូវចូលរួមការងារបោះឆ្នោត ដូចជា ការងារឃោសនា និងសង្កេតការណ៍។ល។ និង(ទី៦) ត្រូវចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាពេលខាងមុខ។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានជម្រាបជូនអំពីការរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានលើកទឹកចិត្តដល់យុវជនឱ្យ ទៅចូលរួមទស្សនាឱ្យបានច្រើនកុះករ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ អាចចូលរួមទស្សនាដោយសេរី និងទទួលបានសំបុត្រដោយមិនគិតថ្លៃ ក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះដែលលោកបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់គណបក្សឃុំទាំង៤ និងសមាជិកសមាជិកបក្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ ៕

To Top