ភ្នំពេញ ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញដាក់បាច់ផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធ លោកណាកាតា អាត់ស៊ូហ៊ីតុ កាលពីថ្ងៃ៨ មេសា ។ ស្តូបបុរសជនជាតិរូបនេះ បានដាក់តម្កល់នៅក្នុងវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។
កាលពី៣០ឆ្នាំមុន នាថ្ងៃទី៨ ខែមេសា លោក ណាកាតា អាត់ស៊ូហ៊ីតុ ដែលបានបម្រើការងារក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់ឆ្នាំ ១៩៩៣ ក្នុងនាមជាអ្នកស្ម័គ្រចិត្តបានបាត់បង់ជីវិត។ ថ្ងៃ៨ មេសា ជាខួបលើកទី៣០ នៃការទទួលមរណភាពរបស់លោក ណាកាតា ។ នេះបើតាមទូតជប៉ុនចុះផ្សាយ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា “យើងនឹងបន្តចងចាំលោក ណាកាតា អាត់ស៊ូហ៊ីតុ ដែលបានបំពេញការងារដើម្បីសន្តិភាពនៅកម្ពុជាប្រកបដោយក្តីប្រាថ្នាខ្ពស់” ។
សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជា-ជប៉ុន ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលជប៉ុននោះ ទូតអះអាងថា នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងជាមួយកម្ពុជាដែលបានទទួលសន្តិភាព និងកំពុងអភិវឌ្ឍន៍យ៉ាងរឹងមាំ រួមទាំងទំនាក់ទំនងរវាងប្រជាជនទាំង២ផងដែរ៕