ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃ១០ មេសា ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៨រូប បានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ។ ដោយឯកភាពទាំងស្រុង ឥតកែប្រែនូវសំឡេងគាំទ្រចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើង ក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីបង្កើនឥតឈប់នូវទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី រវាងកម្ពុជា និងឡាវ ក្នុងការខិតខំបោះបង្គោលព្រំដែន។
លើសពីនេះ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ គឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណជា៨៦% ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន និងដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានិងឡាវបានចុះហត្ថលេខានាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ នាពេលកន្លងទៅ៕



