ភ្នំពេញ ៖ កូនប្រុសកម្ររកបាន សម្រេចចិត្តដុតផ្ទះឆេះអស់គ្មានសល់ ដោយសារខឹងម្ដាយមិនបំពេញតាមបំណងទិញម៉ូតូឲ្យជិះមុនបុណ្យចូលឆ្នាំខ្មែរសម្រាប់ដើរលេង។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១២និង៤៥នាទីថ្ងៃ៩ មេសា ។ ករណីអគ្គិភ័យឆេះផ្ទះ១ខ្នងនេះស្ថិតនៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដារឈើលើ ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។
យោងតាមសាក្សី និងជាអ្នកឃើញហេតុការណ៍ដំបូង គឺមានបុរសម្នាក់(ជាកូន)បានធ្វើសកម្មភាពដុតផ្ទះតែម្ដង ។ បុគ្គលនោះមានឈ្មោះ ខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត ។ តាមការបញ្ជាក់ពីសមត្ថកិច្ច កូនដែលដុតផ្ទះខ្លួនឯងគឺជាមនុស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ ប៉ុន្តែមូលហេតុដែលនាំឲ្យកូនហ៊ានលើកដៃយកភ្លើងដុតផ្ទះខ្លួននេះ មកពីម្ដាយមិនបំពេញបំណងទិញម៉ូតូមុនចូលឆ្នាំ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរ និងមានចំណាត់ការតាមនីតិវិធី ៕