ភ្នំពេញ ៖ រសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម អមដំណើរដោយលោកប្រធាន នាយកដ្ឋាន ធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម មន្ទីរធនធានទឹក និង ឧតុនិយមខេត្តព្រៃវែង និងមានការចូលរួមពីលោក សុខ ផេង អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យផ្ទាល់ និងបញ្ជាលើការងារអន្តរាគមន៍ដោះស្រាយទឹកសង្រ្គោះស្រូវ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ប្រមាណ ១.០៨០ ហិកតា ត្រង់ទីតាំងចំណុចព្រែកតាតាំ ស្ថិតនៅក្នុងសង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។

សូមបញ្ជាក់ជូនថា ៖ សកម្មភាពអន្តរាគមន៍សង្រ្គោះនេះ បានអនុវត្តតាំងពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ មក ដោយប្រើប្រាស់នូវម៉ាស៊ីនបូមទឹកខ្នាតតូច ដោយសារតែស្ថានភាពភូមិសាស្រ្តជាដីភក់បាតបឹង មិនអនុគ្រោះដល់ការប្រើប្រាស់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកធុនធ្ងន់ ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែង លោករដ្ឋមន្រ្តី បានបញ្ជាឲ្យបន្ថែមគ្រឿង ចក្រធុនធ្ងន់ អ៊ិចស្កាវ៉ាទ័រ ចំនួន ០៣ គ្រឿង ដើម្បីកាយប្រឡាយសម្រួល លំហូរទឹក និងម៉ាស៊ីនបូមទឹកកំលាំង ៦៥ សេស ចំនួន ០៤ គ្រឿង បន្ថែមទៀត ៕





















