ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។
ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំ សូមលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាពពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ជាមួយគ្នានេះ ខ្ញុំ សូមលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នខិតខំបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ក៏ដូចជា ការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច សំដៅជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា»។
សម្ដេចតេជោ បន្ដថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងពាណិជ្ជកម្ម សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល សម្រាប់លើកកម្ពស់សមត្ថភាពរបស់សហគ្រិន ធុរជន នវធុរជន និងសមត្ថភាពស្ថាប័នរបស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងភាពធន់នៃធុរកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសិក្សាវាយតម្លៃសេចក្តីត្រូវការជំនាញ ដើម្បីអភិវឌ្ឍជំនាញស្របតាមតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាកង្វះជំនាញដែលសហគ្រាសធុនតូច និងមធ្យមបាននិងកំពុងជួបប្រទះ៕