ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក តន ឆៃ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជា «មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង» ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទី-ភារកិច្ច តាមឋានានុក្រមដឹកនាំបញ្ជាឱ្យមានប្រសិទ្ធភាព។
លោក បន្តថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, ស្នាដៃ និងគុណបំណាច់ ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលបច្ចុប្បន្ន ស្របពេលដែលកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ កំពុងដំណើរការទៅមុខជាប់ជាប្រចាំ ដោយក្នុងនេះ ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ, ការពង្រឹងក្បាលម៉ាស៊ីនដឹកនាំបញ្ជា និងការសម្រិតសម្រាំងគុណភាពធនធានមនុស្ស គឺជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការកសាង និងគ្រប់គ្រងប្រភពកម្លាំង សំដៅធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញភារកិច្ច។
លោក ម៉ាណែត សូមកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ជាពិសេសក្នុងរយៈកាលពេញមួយឆ្នាំ២០២២ កន្លងមកនេះ ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្ត ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ ជាងនេះទៀត អង្គភាពក៏បានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយបង្កបង្កើនផល និងជួយសាងសង់សំណង់ផ្សេងៗជូនសហគមន៍ប្រជាពលរដ្ឋ និងវត្តអារាមនៅតាមមូលដ្ឋានឈរជើងផងដែរ៕