ព័ត៌មានជាតិ

បេីក​កិច្ច​ប្រជុំលម្អិត លើការរៀបចំពិធីបុណ្យកាត់ឬសសីមាព្រះវិហារ នៅវត្តព្រះបារមីវង្កតបុរី

ភ្នំពេញ៖ ដើម្បីឲ្យពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ទាំងសន្តិសុខសណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀតជាមួយគ្នា ។

កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១១មេសាក្រោមវត្តមានលោក សេង ទៀង រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងពិធីបុណ្យខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ឬសសីមា។

កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលំអិត ទៅលើកាេងារសំខាន់ៗមួយចំនួន មានទាំង ការរៀបចំរោងទិសទាំង៩ ការសម្រេចយកចុងភៅរួម ការរៀបចំកន្លែងផ្ញើរយានយន្ត ដោយមិនយកប្រាក់ ក្រុមសិល្បៈ ក្នុងពិធីត្រូវបានសម្រេចរៀបចំឡើង ដោយខាងទូរទស្សនបាយ័ន ដែលមានទាំងល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគុំតន្ត្រីជាដើម។ ចំណែកខាងទូរទស្សន៍ជាតិ នឹងត្រូវឡាយផ្ទាល់ក្នុងពិធីនេះផងដែរ។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងលំអិត ពីពិធីបុណ្យនេះផងដែរ ដើម្បីអោយប្រព័ន្ធផ្សព្វផ្សាយនានា យកទៅផ្សព្វផ្សាយជូនសាធារណៈជន បានដឹងនិងបានមកចូលរួម ក្នុងពិធីបុណ្យនេះ ឲ្យបានអធឹកអធម។

គួរឲ្យដឹងថា វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយ ដែលបានតំកល់ធាតុមាតា បិតារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរី នឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣៕

To Top