ភ្នំពេញ ៖ ជយោ! ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ឯតទគ្គកម្មពិភពលោក «បេះដូងក្រដាសច្រើនជាងគេ» ដោយសម្រេចបានបេះដូង ៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)។ នេះបើតាមហ្វេសប៊ុកលោកហ៊ុន ម៉ានី នារាត្រីថ្ងៃ១១ មេសា។
លោកបន្តថា ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង។
លោកថា ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាម ជាផ្នែកមួយ នៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ “ខ្ញុំសូមថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិ ទូទាំងប្រទេស ដែលបានរួមគ្នាមូលមីចូលរួមបត់បេះដូង រហូតសម្រេចចំនួន ដ៏ច្រើនមហិមានាថ្ងៃនេះ ។ សូមអរគុណដោយស្មោះចេញពីក្រអៅបេះដូង !
នេះជាភាសាបេះដូង របស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា” ៕