ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ មេសានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានខិតខំជំរុញ ការជួសជុល ផ្លូវបានច្រើន ពិសេសការលុបសំបុកមាន់ បានស្ទើរគ្រប់ផ្លូវក្នុងក្រុង ធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណភាពស្រស់បំព្រង ។

ក្នុងកិច្ចប្រជុំនេះ លោកម៉ប់ សារិន ក៏បានកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធផងដែរ ដែលបានខិតខំរៀបចំ កែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីបម្រើឱ្យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ និងស្រស់បំព្រង ។ លោក បានកោតសរសើរ ក្រុមរថយន្តសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យបានឆាប់រហ័ស ទន្ទឹមនឹង នេះក៏បានជួយដោះស្រាយដឹកទឹក ផ្គត់ផ្គង់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតទឹកប្រើប្រាស់ ។

លោក ម៉ប់ សារិន បានបញ្ជាក់ថា លទ្ធផលជាផ្លែផ្លែដែលរាជធានីភ្នំពេញ សម្រេចបាន ក្នុងត្រីមាសទី១នេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់ពីការ ខិតខំបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមផុសផុល ពីប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ក្រោមការ ដឹកនាំយ៉ាងសកម្ម និងយកចិត្តទុកដាក់ របស់គណៈអភិបាលរាជធានីភ្នំពេញ ។ ក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំសកល បុណ្យជាតិលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា បុណ្យសាសនា មាឃបូជា និងទិវានារីអន្តរជាតិ៨មីនា លើកទី១១២ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានចូលរួមដោយសប្បាយ រីករាយយ៉ាងសុខដុមរមនា មានបរិយាប័ន្ន ក្រោមម្លប់សន្តិភាព និងការ អភិវឌ្ឍក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ។

បន្ថែមពីនេះ លោកម៉ប់ សារិន ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការគ្រប់គ្រងសំណល់រឹង សំរាមបានល្អ មិនមានការកកស្ទះ ដោយនៅក្នុងត្រីមាសទី១នេះ គិតជាមធ្យម ក្នុងមួយថ្ងៃប្រមូលបាន ៣៥៣៤តោន ។ ជាមួយនេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការចុះត្រួតពិនិត្យ និងណែនាំការទប់ស្កាត់ការ បំពុលបរិស្ថានតាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ នៅតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន និង តាមប្រភពបង្កើតសំណល់។

ជាមួយគ្នានោះដែរ លោក កើត ឆែ បានលើកឡើងថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ជាការលើកទឹកចិត្តយ៉ាងខ្លាំង ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាព ការងារធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត ៕










