ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ ៖ នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថាន បច្ចេកទេសកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។

ឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ជាពិសេសការអនុវត្តកំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោតលើសមិទ្ធកម្ម ជាពិសេស ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល៕

To Top