ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឱ្យបន្ដកម្មវិធីយុវជនស្ម័គ្រចិត្ត ដើម្បីចុះជួយដល់មូលដ្ឋាន តាមសហគមន៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងអប់រំ បន្ដអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង ការអភិវឌ្ឍយុវជន ដើម្បីឱ្យកុមារ និងយុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ»។

សម្ដេចតេជោ បញ្ជាក់ថា «ជាមួយនេះ ត្រូវជំរុញលើកទឹកចិត្តឱ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម»។

សម្ដេចតេជោ បន្ថែមថា ក្រសួង បន្តលើកកម្ពស់វិស័យកីឡាដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និង មានជីវភាពស្របតាមពាក្យស្លោក «“កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ក្រសួងអបរ់ ត្រូវបន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះ-ស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋា-រចនាសម្ព័ន្ធសុខភាព ដូចជារៀបចំបន្ទប់សុខភាពស្តង់ដារបរិស្ថាន សាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការ ប្រើប្រាស់ទឹកស្អាត និងអនាម័យផ្តោតលើទឹកទទួលទាន កន្លែង លាងដៃ បង្គន់អនាម័យ លើកកម្ពស់អាហារូបត្ថម្ភ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងការផ្តល់អាហារតាមសាលារៀន ការអប់រំអំពីសុខភាពសិក្សា ការហាត់ប្រាណ និងលេងកីទ្បា៕

To Top