ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១៣ មេសានេះ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្ត ក្រុងសាធារណៈទៅស្រុកកំណើតតាមខេត្តក្រុងនានា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ក្នុងខណ្ឌជ្រោយចង្វា ។
អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សំរាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង ដោយមិនយកប្រាក់។សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្ត មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿង ដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេល វេលាច្បាស់លាស់ ។
លោកបន្តថា ការជ្រើសរើស យកទីតាំងនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ចំនួន១០០គ្រឿង ភ្នំពេញ-សៀមរាបនេះ ដោយសារតម្រូវការប្រជាពលរដ្ឋច្រើនជាងគេ ដោយសារថា នៅសៀមរាបមានរៀបចំសង្ក្រាន ។ លោកបញ្ជាក់ថា កំណើតពលរដ្ឋជិះឡានក្រុង ទៅលេងស្រុកកំណើតពីមួយឆ្នាំទៅមួយឆ្នាំ កើនឡើងជាលំដាប់ លែងលេងតែប៉ុន្មានឆ្នាំមានកូវីដ-១៩ ។ ទាំងនេះដោយសារប្រទេស មានសន្តិភាពពេញលេញ។
ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន, នឹងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំតម្លើងថ្លៃ សេវាដឹកជញ្ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជា មួយរាជរដ្ឋាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង ។
លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋឲ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈ (City Bus)រាជធានីភ្នំពេញ ដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព។ លោកបន្តទៀតថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំ ប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៏លើគ្រប់វិស័យ , សម្តេចតែងបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងគ្រប់ពេលវេលា៕