ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នៅល្ងាចថ្ងៃទី១៤មេសានេះ ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅសាលារាជធានីភ្នំពេញ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញ ពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ ជាតិពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួង ដែលកើតមានកាលពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សា ប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់របស់ខ្មែរយើង ។ នេះជាឆ្នាំទី២នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្រ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋ ក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះ អស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩។

គួរឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតិឲ្យធ្វើពិធី និងមានការជួបជុំកំសាន្តសប្បាយជាធម្មតាឡើងវិញ។ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹង ពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃផងដែរ។
សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលកាន់ ព្រះពុទ្ធសាសនា ដូច្នេះហើយ សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និងជាប្រយោជន៍ធំធេង សម្រាប់ពលរដ្ឋខែ្មរ ដូចជា ស្រោចទឹក ខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធីស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធ អ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម ៕







