ព័ត៌មានជាតិ

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ​ មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណ២លាននាក់

ភ្នំពេញ​ ៖​ តាមរបាយការណ៍ទទួលបាន ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា​ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្ត នៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះ​ ភ្ញៀវជាតិ ២.០៧៩.៦៧០នាក់​ ភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ ក្រសួងទេសចរណ៍​ នាថ្ងៃទី១៥​ មេសា​ នេះ​ បាន​ឱ្យ​ដឹង​ថា​ ចរន្តនៃការដើរកម្សាន្ត នាថ្ងៃចូលឆ្នាំប្រពៃណីជាតិ ថ្ងៃទី១ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំង ធៀបនឹងថ្ងៃចូលឆ្នាំទី១ កាលពីឆ្នាំ២០២២។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ១៤៣,១៩% ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុប មានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុ​ណ្ណោះ។

ក្រសួង​ បន្ដថា​ ដោយឡែក ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ ដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗ ប្រារព្វសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួន បងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្ត ជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។

ជាមួយគ្នានោះដែរ​ ក្រសួងទេសចរណ៍​ បានឱ្យដឹងថា​ ជារួម សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថា នឹងមានសភាពកាន់តែផុសផុសនាថ្ងៃទី២នេះ ដោយសារបងប្អូនប្រជាពលរដ្ឋ មួយចំនួននៅចាំទទួលទេវតា កាលពីរសៀលថ្ងៃម្សិលម៉ិញ៕

To Top