ភ្នំពេញ ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលត្រូវបានសម្ដេចតេជោហ៊ុនសែន ស្ដីបន្ទោស កាលពីព្រឹកថ្ងៃទី១៥ មេសា ថាជាអភិបាលខេត្តល្ងង់ ដោយបណ្ដោយឱ្យមានការយកលុយ ពីអ្នកដំណើរឆ្លងកាត់ខេត្ត ក្រោយសម្ដេចបានដឹងរឿងថាខេត្តកែប មានក្រុមហ៊ុនវិនិយោគមួយ ចាំយកភាស៊ី ពីអ្នកដំណើរឆ្លងកាត់។
ក្រោយមានការរឿងរ៉ាវនេះកើតឡើង អាជីវករនិងវិនិយោគិនមួយចំនួន បានបង្ហើបប្រាប់ផងដែរថា ខ្លួនមិនពេញចិត្តចំពោះការដឹកនាំរបស់អភិបាលខេត្តរូបនេះនោះទេ ហើយក៏ស្នើឱ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្លាស់ប្តូរអភិបាលខេត្តមួយនេះចេញផង ដោយសារលោក សោម ពិសិដ្ឋជា អភិបាលខេត្ត ដែលមិនសម្រួលដល់ការរកស៊ី និងការវិនិយោគរបស់វិនិយោគិនមកកាន់ខេត្តកែប ។
វិនិយោគិនជាច្រើន ដែលមានបំណងចង់ទៅវិនិយោគ នៅក្នុងទឹកដីខេត្តកែប បាននិយាយប្រាប់ថា ពួកគេបានមើលឃើញពីសក្ដានុពលវិនិយោគជាច្រើននៅក្នុងខេត្តកែប ប៉ុន្តែអ្វីដែលពួកគេរារែក និងជាឧបសគ្គសម្រាប់ការវិនិយោគរបស់ពួកគេ គឺដោយសារតែលោក សោម ពិសិដ្ឋ មានការកៀបសង្កត់ និងមិនសូវសម្រួលដល់ការវិនិយោគ ក៏ដូចជាការរកស៊ីនៅក្នុងខេត្តកែបនោះទេ ។
អាជីវករនិងធុរជនជាច្រើនដែលសុំមិនបញ្ចេញឈ្មោះ បានស្នើឱ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរ ក៏ដូចជាដកលោកសោម ពិសិដ្ឋអភិបាលខេត្តកែបចេញ និងដាក់អភិបាលខេត្តដែលសម្រួលដល់ការវិនិយោគរបស់ពួកគេជំនួស ហើយអាជីវករនិងវិនិយោគិនក៏រំពឹងថា នឹងមានការវិនិយោគថ្មីៗបន្ថែមទៀតមកកាន់ខេត្តតំបន់ឆ្នេរមួយនេះ ។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០២០ លោកសោម ពិសិដ្ឋអភិបាលខេត្តកែបក៏ធ្លាប់មានរឿងអាស្រូវម្ដងហើយ ពាក់ព័ន្ធនឹងឆាតជាមួយនឹងនារីម្នាក់ដោយសុំនាងធ្វើជាប្រពន្ធចុងនិងសន្យាផ្ដល់ប្រាក់ឱ្យនាង ។ តែកាលនោះលោកសោម ពិសិដ្ឋបានបកស្រាយថា គណនីឈ្មោះ សោម ពិសិដ្ឋនោះគឺជាគណនីក្លែងក្លាយ និងបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃក្នុងករណីនេះផងដែរ ប៉ុន្តែមកដល់ពេលនេះ នៅតែរកម្ចាស់គណនីក្លែងក្លាយនោះមិនឃើញនៅឡើយទេ ។
កាលពីព្រឹកថ្ងៃទី១៥ មេសា ២០២៣នេះដែរ សម្ដេចតេជោ លោកបានចេញសារប្រតិកម្ម ទៅនឹងករណីអ្នកដំណើរឆ្លងកាត់ខេត្តកែបត្រូវបង់លុយ ហើយសម្ដេចក៏អត់បាននឹកស្មានថា មានរឿងនេះកើតឡើងដែរ ។ សម្ដេចបានបញ្ជាឱ្យអភិបាលខេត្តខេត្តកែបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធលុបចោលជាបន្ទាន់ នូវកិច្ចសន្យាការយកប្រាក់ថ្លៃភាស៊ីឆ្លងកាត់ខេត្ត ។
សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាអំពើឆោតល្ងង់មួយ សម្រាប់ខេត្តកែបផ្ទាល់ និងអំពើឆោតល្ងង់ចំពោះស្ថាប័នដែលអនុញ្ញាតឱ្យយកប្រាក់ឆ្លងកាត់ខេត្តទាំងនេះ ។ សម្ដេចតេជោថា បើសិនជាចង់ឱ្យពលរដ្ឋ ទៅលេងខេត្តយើង តែយើងបែរជាយកប្រាក់ពីពលរដ្ឋ ដែលគ្រាន់តែឆ្លងកាត់នោះ វានឹងធ្វើបាត់បង់ភ្ញៀវ តែបើសិនជាមិនយកប្រាក់ពីពលរដ្ឋនោះទេ ខេត្តនោះនឹងចំណេញច្រើនទៅវិញ ដោយនឹងមានភ្ញៀវទេសចរ កាន់តែច្រើនទៅលេងកម្សាន្ត ហើយសម្ដេចក៏មិននឹកស្មានថាអភិបាលខេត្តល្ងង់ដល់ថ្នាក់នេះទេ និងបានបញ្ជាឱ្យលុបចោលជាបន្ទាន់ ។
ករណីនេះដែរ ក៏ត្រូវបានប្រភពខ្សឹបប្រាប់ថា លោក សោម ពិសិដ្ឋ ក៏នៅពីក្រោយនៃការយកប្រាក់ថ្លៃភាស៊ី ចំពោះពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តនេះដែរ ពីព្រោះសម្ដេចតេជោ មិនបានដឹងរឿងផង ដូច្នេះហើយមានតែលោក សោម ពិសិដ្ឋ ជាអ្នកនៅពីក្រោយតែម្ដង៕