កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារ នាំអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមរបាយការណ៍របស់ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឲ្យដឹងថា ករណីមានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់បោកខ្លាំង បណ្តាលឱ្យប៉ះពាល់ដលប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង២១ និង០០ នាទី មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យរងផលប៉ះពាល់ករណីធ្ងន់មានពីរ ឃុំគឺ.ឃុំបារាយណ៍ ខូចខាតផ្ទះ ១ខ្នង បណ្តាលឱ្យបាក់ដួលរលំផ្ទះ ដែលជាកម្មសិទ្ធរបស់ឈ្មោះ ទុយ យ៉េត ភេទស្រី អាយុ៦៥ ឆ្នាំ នៅភូមិរោងគោ (ផ្ទះទំហំ ៤×៦ម៉ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំង ស័ង្កសី បាក់រលំដួលដល់ដី) និង ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ និង ឃុំមៀន ខ្យល់កន្ត្រាក់បណ្តាលឲ្យបាក់រលំដើមត្នោត ១ដើម សង្កត់មកលើផ្ទះ របស់ឈ្មោះ យ៉ាន តូច ភេទស្រី អាយុ ៨០ឆ្នាំ នៅភូមិមៀន បង្ករឱ្យគ្រោះថ្នាក់ដល់មនុស្ស ២នាក់
១-ឈ្មោះ តឿ ភារម្យ ភេទស្រី ៣៧ឆ្នាំ បណ្តាលឲ្យស្លាប់ ហើយគ្រួសារបានយកមកតម្កល់ ឃុំខ្វិតធំ ស្រុកព្រៃឈរ ២.ឈ្មោះ ឈើ ពរ័ ភេទប្រុស អាយុ ២ឆ្នាំ និងផ្ទះ ១ខ្នង ទំហំ ៦×៨ម៉ ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង ។ ក្នុងនោះក៏មានករណីខ្យល់កន្ត្រាក់កំរិតស្រាលមាន ចំនួន ១០ឃុំ ស្មើនឹង ២៦ខ្នងផ្ទះផងដែរ ។
ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ឲ្យខិតខំពិនិត្យព្យាបាលអ្នកជំងឺឲ្យបានល្អប្រសើរ ដោយមិនគិតថវិកា ហើយរាល់ថវិកាចំណាយ ជាបន្ទុករបស់រដ្ឋបាលខេត្ត៕