ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ កងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់ យកជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ

កំពង់ចាម៖ នៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី ចំនួន ៤០ នាក់ ទៅហ្វឹកហ្វឺន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាកងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់ យកចំណេះជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។

ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៣  ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃអង្គភាពជាច្រើនទៀត ព្រមទាំងអាណាព្យាបាល យោធិន កងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានថ្លែងថា ថ្ងៃនេះ លោកបានទទួលគោលការណ៍ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដោយមានវត្តមាន ចូលរួមពីប្រតិភូអមដំណើរ ព្រមទាំងក្រុមគ្រួសារ អាណាព្យាបាល របស់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ចំនួន ៤០នាក់ (ជាប់ជាស្ថាពរ) ដែលត្រូវបានក្រសួងការពារជាតិចេញប្រកាស បញ្ចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ។

ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៤០ នាក់ ដែលត្រូវទៅហ្វឹកហ្វឺនរយៈពេល ១ឆ្នាំ សូមឱ្យកម្លាំងទាំងអស់ធ្វើការហ្វឹកហាត់ សិក្សារៀនសូត្រ ដោយយកចិត្តទុកដាក់ឲ្យបានចប់ ទៅតាមកម្មវិធីសិក្សា ដើម្បីយកចំណេះជំនាញទាំងនោះ មកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេលមួយឆ្នាំ កងកម្លាំងទាំង ៤០ នាក់ នេះ និងក្លាយទៅជាមន្ត្រីនគរបាលយុត្តិធម៌ ដោយសារការហ្វឹកហ្វឺននោះ រៀនទាំង យុទ្ធសាស្ត្រ, វិធីសាស្រ្ត, ការប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងបន្តសិក្សាអំពីជំនាញច្បាប់ ផងដែរ ដើម្បីឲ្យមន្ត្រីយើង ចេះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់កម្លាំងយោធិន នៅកងរាជអាវុធហត្ថទាំង ៤០ នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ២កេស , ត្រីខកំប៉ុង ២យួរ , ក្រម៉ា ១ , និងថវិកា ២០ ម៉ឺនរៀល ៕

To Top