ព័ត៌មានជាតិ

ក្រសួង គ្រោងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម អាចផ្ដល់សេវា ទៅបណ្ដាប្រទេសក្នុងតំបន់

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ក្រសួងសាធារណការ គ្រោងប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មមួយ អាចផ្តល់សេវាភស្តុភារកម្ម ទៅបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអញ្ជើញ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ រវាងក្រសួង សាធារណការ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយលោក Asad Yqub តំណាងសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិប្រចាំកម្ពុជា ក្នុងការសិក្សាសមិទ្ធិលទ្ធភាពគម្រោង មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC (Sihanoukville Logistics Complex) នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួង ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះការចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (FASA) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នាឱកាសនេះ ដោយហេតុថា គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្ម នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួល ដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ ព្រមទាំងមានប្រសិទ្ធភាព អាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផល និងបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា នេះជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មលើកទី២ ហើយ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្ត បន្ទាប់ពីគម្រោងអភិវឌ្ឍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ គ្រោងនឹងធ្វើការអភិវឌ្ឍ មជ្ឈមណ្ឌលនៅបាវិត និងប៉ោយប៉ែតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «យើងគ្រោងប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយ ដែលអាចផ្តល់សេវាភស្តុភារកម្ម ពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍»។

សូមរំលឹកថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) គឺជាមជ្ឈមណ្ឌលភ័ស្តុភារ អាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌលភស្តុភារ អាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។ ចំពោះមជ្ឈមណ្ឌលនេះ ត្រូវបានកំណត់នៅក្នុងផែនការមេភស្តុភារកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតភ្ជាប់ទៅមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ (Phnom Penh Logistics Complex) ដែលគម្រោងទាំងនេះ នឹងជួយផ្លាស់ប្តូរមុខមាត់ នៃប្រតិបត្តិការដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់បានកាន់តែប្រសើរ ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាបានកាន់តែច្រើន ដែលនេះនឹងបើកឱកាសដល់ការប្រកួតប្រជែង និងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

To Top