ព័ត៌មានជាតិ

សម្តេចតេជោ លើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្ដរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ

" "

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចលើកលែង កាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់ និងធ្វើតេស្ដរហ័ស តាមជម្រើសរៀងៗខ្លួនបាន។

តាមរយៈសារសំឡេងពិសេសមួយជូនជនរួមជាតិ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងថា «សម្រេចលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួន»។

" "

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី រំលឹកថា នាពេលកន្លង ក្រសួងសុខាភិបាល បានដាក់កន្លែងធ្វើតេស្ដរហ័ស នៅកន្លែងនានា នៃការជួបជុំគ្នា ដើម្បីពិនិត្យរកកូវីដ-១៩។ សម្ដេចបញ្ជាក់ថា «លើកលែងការតម្រូវ ឲ្យធ្វើតេស្ដរហ័ស រកកូវីដ-១៩ សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្ដែបុគ្គលម្នាក់ៗអាចធ្វើតេស្ដរហ័ស តាមជម្រើសរៀងៗខ្លួន»។

" "

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្ដេចនាយករដ្ឋមន្ដ្រី ក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរក្សាអនាម័យតាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឲ្យបានញឹកញាប់ផងដែរ។ សម្ដេច បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបន្ដតាមដានវាយតម្លៃឲ្យបានជាប់ជាប្រចាំ លើស្ថានភាពជំងឺកូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ជាមួយគ្នានេះ សម្ដេច ក៏បានលើកទឹកចិត្តដល់បុគ្គលដែលមានការសង្ស័យ គប្បីប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» និងធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ដោយខ្លួន ព្រមទាំងតាមដានសុខភាពឲ្យបានត្រឹមត្រូវ។ សម្ដេចថា រាជរដ្ឋាភិបាល នៅតែរក្សានូវវិធានការការពារ ដើម្បីត្រៀមប្រុងប្រយ័ត្នជានិច្ចឆ្លើយតបជាមួយសភាពការណ៍ដែលនឹងកើតឡើង ជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានឲ្យបានម្មត់ចត់ និងមានវិធានការសម្រាប់ស៉ីហ្គេមខាងមុខ៕

To Top