ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានណែនាំអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី ប្រទេសចិន បន្តកិច្ចសហប្រតិបត្តិការមានស្រាប់ ឲ្យកាន់តែស៊ីជម្រៅ និងអនុវត្តកិច្ចព្រមព្រៀងបានគ្រប់ជ្រុងជ្រោយ។
សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Lan Tianli អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នារសៀលថ្ងៃទី២០ មេសា។
លោក Lan Tianli បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ដោយលោកមានប្រសាសន៍សង្កត់ធ្ងន់ថា លោកបានមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ហើយពេលនេះ កម្ពុជាកាន់តែមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត ដោយក្នុងនោះមានអាគារខ្ពស់ៗជាច្រើន និងប្រជាជនមានជីវភាពធូរធារច្រើន។
លោកបន្តថា ដំណើរទស្សនកិច្ចពេលនេះ គឺមានគោល បំណង៣ ដែលទី១ គឺថ្លែងអំណរគុណសម្ដេចតេជោកន្លងមកតែងតែគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង ,ទី២ គឺការជំរុញ ការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិន និងកម្ពុជា ជាពិសេសការកសាងសហគមន៍ជោគវាសនា រួម ចិន-កម្ពុជា និងគោលបំណងទី៣ សុំអនុសាសន៍ពីសម្ដេចតេជោដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ថា “ឯកឧត្តម Lan Tianli បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឲ្យកាន់តែស៊ីជម្រៅនិងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដែរនោះឲ្យបានគ្រប់ជ្រុងជ្រោយ”៕