ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការ, ក្រសួងបរិស្ថាន, ក្រសួងសេដ្ឋកិច្ចបានពិភាក្សាគ្នា ដើម្បីបិទការនាំចូលរថយន្ដមួយទឹកមកកម្ពុជា ដោយកំណត់អាយុកាលផងដែរ។
ក្រោយបញ្ចប់ពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី ២១ មេសា ២០២៣ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានណែនាំប្រជាពលរដ្ឋ ប្រើប្រាស់រថយន្ដអគ្គិសនី ព្រោះមានតម្លៃថោកជាងឡានមួយទឹក។
លោកទេសរដ្ឋមន្ដ្រីបញ្ជាក់ថា «យើងបានពិភាក្សាគ្នាជាមួយ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យមើល តើឡានមួយទឹកអាយុប៉ុន្មាន ឬចាស់ជាង យើងមិនអនុញ្ញាតឲ្យនាំចូលទេ យើងកំពុងពិភាក្សា តើ១០ឆ្នាំ ឬ១៥ឆ្នាំ ឬ៧ឆ្នាំ»។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីចុងឆ្នាំ២០២២ ពោលនាថ្ងៃ២៨ វិច្ឆិកា ក្នុងកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ ឆ្នាំ២០២១-២០៣០ បានឯកភាពឲ្យសិក្សាកំណត់ឆ្នាំ រថយន្ដមួយទឹកដែលនាំចូលកម្ពុជា ដើម្បីកាត់បន្ថយនាំចូលរថយន្តជជុះ ដែលមានហានិភ័យនានា។
សម្ដេច ស ខេង ឯកភាពឲ្យសិក្សាបែបនេះ ក្រោយលោក ស៊ុន ចាន់ថុល បានលើកឡើងជាយោបល់ថា បច្ចុប្បន្ន កម្ពុជាមានរថយន្តផលិតក្រោម១០ឆ្នាំមុន កំពុងប្រើប្រាស់ប្រមាណ ៥០ភាគរយ ហើយការកំណត់ឆ្នាំផលិត រថយន្តនាំចូលកម្ពុជានេះ ដើម្បីធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់បរិស្ថាន ខណៈកម្ពុជា ក៏មិនអាចបណ្ដោយខ្លួនឲ្យក្លាយជា ទីផ្សារនាំចូលរថយន្តជជុះផងដែរ៕