ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី មានឈ្មោះថា «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ បញ្ចេញប្រភេទពូជដង្កូវនាង បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង ដែលបង្កាត់ថ្មីដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។
ពូជដង្កូវនាងនេះ ដែលត្រូវបានស្នើសុំដាក់ឈ្មោះថា «CK174» ត្រូវបានគណៈកម្មាធិការបញ្ចេញ ពូជដង្កូវនាងស្នើដាក់ឈ្មោះថា «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក មានលក្ខណៈសមស្របនឹង ប្រព័ន្ធក្សេត្របរិស្ថាននៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុ និងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ។ នាឱកាសនោះ គណៈកម្មាធិការ បានឯកភាពស្នើសុំ លោករដ្ឋមន្ត្រីកសិកម្ម ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់បញ្ចេញពូជដង្កូវនាងជាផ្លូវការ ។
លោក តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមក្នុងដំណើរការពិសោធន៍ ស្រាវជ្រាវ និងផ្តល់យោបល់ ធ្វើឲ្យការសិក្សាស្រាវជ្រាវ ពូជដង្កូវនាងទទួលបានលទ្ធផល ល្អស្របតាមគោលដៅដែលបានគ្រោងទុក ៕