ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន លោក បែល វ៉ាន់ដែត ដែលយកកាំភ្លើងភ្ចង់ គំរាមបុរសម្នាក់ រឿងស៊ីផ្លេរថយន្ត

ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួន លោក បែល វ៉ាន់ដែត អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និង កិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ។ ការចាប់ខ្លួននេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ អ៊ុក រ៉េតគន្ធា ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ការចេញដីកាឲ្យចាប់ខ្លួននេះ គឺបន្ទាប់ពីមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រឿងចៅក្រមដោះលែងលោក បែល វ៉ាន់ដែត ។

សូមបញ្ជាក់ថា លោកបែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដកកាំភ្លើងភ្ជង់គំរាមបុរសម្នាក់ ដែលជានិស្សិតមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គ្រាន់តែជនរងគ្រោះ បានបើករថយន្តពីខាងក្រោយ រថយន្តជនសង្ស័យ រួចស៊ីប្លេរ ទើបជនសង្ស័យខឹង ក៏ឈប់រថយន្តពីមុខរយៈពេលប្រហែល៥នាទី ។ បន្ទាប់មកជនរងគ្រោះ ក៏បើករថយន្តវ៉ាចេញ ធ្វើឲ្យជនសង្ស័យបើករថយន្តដេញតាម រួចដកកាំភ្លើងភ្ជង់គំរាម ។ ភ្លាមៗ ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ បាននៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ។
បន្ទាប់កើតករណីនេះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានសម្រេចចោទប្រកាន់លើលោកបែល វ៉ាន់ដែន ជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញត និងបទគំរាមកំហែងសម្លាប់៕

To Top