ការចុះសម្ភាសន៍ជ្រើសរើសបេក្ខភាព សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣ នៅតាមបណ្តារាជធានីខេត្តនានា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ត្រូវបានបញ្ចប់ទាំងស្រុង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ការជ្រើសរើស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ មានបេក្ខភាពចំនួន ៤២រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសទៅប្រកួតប្រជែងផ្ដាច់ព្រ័ត នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខ ដែលក្នុងនោះមានបេក្ខជនចំនួន ២១រូប និងបេក្ខនារីចំនួន ២១រូប។
ការរៀបចំកម្មវិធី “សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣” ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការសហការ ពីសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (TAFTAC), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក), និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សំដៅលើកតម្លៃកម្មករ-កម្មការិនី និងបង្កើតនូវឱកាសបញ្ចេញសមត្ថភាព របស់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ នៅកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ។
គួរបញ្ជាក់ថា បេក្ខភាព សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣ មានការជ្រើសរើសចេញពី បេក្ខភាពរាប់រយនាក់ និងចុងក្រោយជ្រើសរើសយកតែ ៤២រូបប៉ុណ្ណោះ គឺបេក្ខជនចំនួន ២១រួប និងបេក្ខនារីចំនួន ២១រូប ដើម្បីយកទៅប្រកួតប្រជែងផ្ដាច់ព្រ័តនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕