ព័ត៌មានជាតិ

សង្គ្រាមពាក្យសម្តីចាប់ផ្តើមរវាងទីក្រុងប៉េកាំង និងសេអ៊ូល បន្ទាប់ពីមេដឹកនាំ កូរ៉េខាងត្បូងបានប្រកាសថា កោះតៃវ៉ាន់គឺជា បញ្ហាសកល

បរទេស៖ ប្រទេស កូរ៉េខាងត្បូង បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីតវ៉ានឹងការអត្ថាធិប្បាយ របស់ក្រសួងការបរទេសរបស់ប្រទេសនេះ ដែលទាមទារឱ្យទីក្រុងសេអ៊ូល នៅឱ្យឆ្ងាយពីកិច្ចការផ្ទៃក្នុង របស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ចេញមកថ្លឹងថ្លែងលើបញ្ហាកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូង លោក Chang Ho-jin បានទូរស័ព្ទទៅកាន់ឯកអគ្គរដ្ឋទូតចិន លោក Xing Haiming កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្តែងការតវ៉ា ជុំវិញអ្វីដែលលោកហៅថា “ភាពមិនសមរម្យផ្នែកការទូត” របស់ទីក្រុងប៉េកាំង បន្ទាប់ពីមន្ត្រីចិនបានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះបទសម្ភាសន៍ថ្មីៗនេះ ដែលផ្តល់ឲ្យ Reuters ដោយមេដឹកនាំកូរ៉េខាងត្បូង។

ក្នុងអំឡុងពេលនោះ លោកប្រធានាធិបតី Yoon បានប្រាប់អ្នកសារព័ត៌មានថា សំណួរតៃវ៉ាន់ “មិនមែនគ្រាន់តែជាបញ្ហារវាងចិន និងកោះតៃវ៉ាន់នោះទេ” ប៉ុន្តែជា “បញ្ហាសកល” ដែលបន្តចោទប្រកាន់សាធារណរដ្ឋ ប្រជាមានិតថា កំពុងស្វែងរកការផ្លាស់ប្តូរស្ថានភាព របស់តៃប៉ិដោយបង្ខំ។ 

ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន ហើយមិនបានច្រានចោលអំពីការប្រើកម្លាំងបាយ ដើម្បីបង្រួបបង្រួមជាមួយកោះនេះ នោះទេ ទោះបីជាខ្លួនរក្សាបានថា ខ្លួនចង់ធ្វើការបង្រួបបង្រួមដោយសន្តិវិធីក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top