ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាល បានច្រានចោលនូវព័ត៌មាន មិនពិត ដែលថាឧក្រិដ្ឋជនជាជនជាតិចិន ចាប់ជំរិត ជនជាតិចិនដូចគ្នា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣កន្លងទៅ កំពុងរត់ការឱ្យមានការដោះលែង ឱ្យនៅក្រៅឃុំ។


ជាមួយគ្នានេះដែរ ក្រុមអ្នកតាមដានក៏កំពុងតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់ ព្រោះវាធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ជាពិសេសប្រទេសកម្ពុជា-ចិន មានកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បង្ក្រាបពួកឧក្រិទ្ធជនទាំងនេះ។


សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់ រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យ មានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

បន្ទាប់ពីបានទទួលបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ របស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ចំពោះករណីនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តំណាងក្រុមគ្រួសារជនរងគ្រោះ បានបង្ហាញនូវការព្រួយបារម្ភ ក្រោយទទួលដំណឹងមិនផ្លូវការ ថា បក្ខពួកក្រុមឧក្រិដ្ឋជន កំពុងអន្តរាគមន៍ ឱ្យមានការដោះលែងឱ្យនៅក្រៅឃុំ។

កម្ពុជា កន្លងទៅ ត្រូវបានអ្នកវិភាគ អង្គការសង្គមស៊ីវិល និងលោកខាងលិច បានវាយប្រហារយ៉ាងចាស់ដៃ ថា កម្ពុជាជាទីកន្លែងសម្រាប់ ពួកក្រុមសង្គមងងឹតជនជាតិចិន ចាប់ជំរិតក៏ដូចជាបង្ករភាពរញ៉េរញ៉ៃ ៕
