ភ្នំពេញ៖ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងមន្ត្រីនៃអង្គភាពព័ត៌មានគណបក្ស បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Hu Zhaoming អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយព័ត៌មាន នៃក្រសួងទំនក់ទំនងអន្តរជាតិ គណកម្មាធិកាមជ្ឈិម គណបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូនៅទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ។
ក្នុងជំនួបដ៏មានសារសំខាន់នេះ លោក ញឿន រ៉ាដែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Hu Zhaoming និងគណប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមកជួបជាមួយមន្ត្រីថ្នាក់ដឹកនាំ នៃអង្គភាពព័ត៌មាន របស់គណបក្សហ៊្វុនស៊ិនប៉ិច ។
ក្នុងជំនួបនោះ គឺពិភាក្សាផ្តោត លើចំណុចសំខាន់លើការផ្លាស់ប្តូរបទពិសោធន៍ផ្នែកព័ត៌មាន និងបទពិសោធន៍ក្នុងការផ្សព្វផ្សាយព័ត៌មាន របស់គណបក្សទាំងពីរ។
ថ្លែងក្នុងជំនួបនោះ លោកអ្នកនាំពាក្យបានថ្លែង នូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណកម្មាធិការ មជ្ឈិមបក្ស គណបក្សកុម្មុយនីស្តចិន ក៏ដូចជារដ្ឋាភិបាលសាធារណរដ្ឋប្រជានិតចិន ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច តាមរយៈការបណ្តុះបណ្តាលយុវជន របស់គណបក្ស និងទស្សនកិច្ចសិក្សា នៅប្រទេសចិន៕









