ព័ត៌មានជាតិ

សម្ដេចតេជោ​ ជំរុញអាជ្ញាធរបម្រេី សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានល្អ​

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានជំរុញឲ្យអាជ្ញាធរខិតខំ ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ កុំឲ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ដោយប្រការអ្វីមួយ។

ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ​ ១ឧសភា នាថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ សម្ដេចតេជោ​ ហ៊ុន​ សែន​ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយ:ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ ហើយមិនមានអ្នកខាត មិនមានអ្នកចំណេញនោះទេ គឺឈ្នះទាំងអស់គ្នា ដោយមិនចាំបាច់ឡើងដល់តុលាការឡើយ។

សម្ដេចតេជោ​ បញ្ជាក់ថា​ “ជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់”។

នាឱកាសនោះ​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករ នៅក្រៅប្រទេសឲ្យបានល្អប្រសើរជាពិសេស ការពារសិទ្ធិកម្មករកុំឲ្យ មានការរំលោភ បំពានផ្សេងៗ៕

To Top