ព័ត៌មានជាតិ

សម្ដេចតេជោ ​ឱ្យទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានណែនាំឲ្យទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។

ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ​ ១ឧសភា នាថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋ ដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការ ដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺសម្តេចមិនបណ្តោយអោយប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់ មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក៕

To Top