ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើឡើងថា ដំណើរទស្សនកិច្ចរបស់លោក NONG RONG ឧបការីរដ្ឋមន្ត្រីការបរទេសចិន និងគណៈប្រតិភូនៅលើទឹកដីតំបន់ឆ្នេរ ដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិ ទាំងពីរដែលមានជាយូរលង់មកហើយ តាំងពីព្រះវររាជបិតានរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រកម្ពុជា ។
ក្នុងពិធីទទួលលៀងសាយភោជន៍ស្វាគមន៍គណៈប្រតិភូចិន ដឹកនាំដោយលោក ណុង រ៉ុង មកទស្សនកិច្ចនៅព្រះសីហនុ ក្នុងសណ្ឋាគារសុខា ពីចុងសប្តាហ៍មុន លោក គួច ចំរើន ថ្លែងថា ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ ក្នុងមនោសញ្ចេតនាបងប្អូន ភាគីទាំងពីរនឹងរួមចំណែកកាន់តែធំធេង ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងជួយរួមចំណែកដល់ការជំរុញ កសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ។
លោកបញ្ជាក់ថា “កម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលជំហរឥតងាករេចំពោះការគាំទ្រ គោលនយោបាយចិនតែមួយ និងចាត់ទុកចិនជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រាយ ជាមិត្តភាពដែកថែប និងជាសហគមន៍វាសនារួមកម្ពុជា-ចិន” ។
លោកបន្ថែមថា ថ្មីៗនេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានដាក់ចេញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖ នយោបាយ និងការទូត សមត្ថភាពផលិត និងវាយភណ្ឌ កសិកម្ម ថាមពល សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់ វិស័យសុខាភិបាលនៅកម្ពុជា។
លោក គួច ចំរើនរំលឹកថា ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុងនៅចិនចំនួន ១៧។ ក្រោមដំបូលសន្តិភាព និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានដាក់ចេញយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីជំរុញប្រទេសចិន ឆ្ពោះទៅយុគសម័យថ្មី ការលុបបំបាត់ភាពក្រីក្រ កសាងសង្គមរីកចម្រើន លើគ្រប់វិស័យសំដៅប្រែក្លាយចិន ទៅជាប្រទេសទំនើបដ៏អស្ចារ្យនៅឆ្នាំ២០៤៩ ដើរតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក ៕