ព័ត៌មានជាតិ

ពលរដ្ឋអះអាងថា គ្មានការលក់សត្វព្រៃខុសច្បាប់ទេ បន្ទាប់ពីការណែនាំ របស់សមត្ថកិច្ចស្រុកបាធាយ និងការចុះល្បាតជាប្រចាំ

កំពង់ចាម ៖ ប្រជាពលរដ្ឋដែលលក់ដូរ នៅចំណុចស្ពានត្រស់ ក្នុងឃុំបាធាយ ស្រុកបាធាយ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ នេះ បានអះអាងថា គ្មានការលក់សត្វព្រៃខុសច្បាប់ទេ បន្ទាប់ពីមានការណែនាំពីសមត្ថកិច្ចស្រុកបាធាយជារឿយៗ និងការចុះល្បាតជាប្រចាំផងនោះ ។

អ្នកស្រី ហ៊ុម ពាញ អាយុ ៥៥ឆ្នំា បានប្រាប់ឲ្យដឹងថា អ្នកស្រី បានមកលក់ដូរនៅចំណុចស្ពានត្រស់នេះ មានរយៈពេលជាង ២៥ ឆ្នាំហើយ គឺលក់ ត្រីឆ្អើរ , ប្រេងសាំង , និងឥវ៉ាន់តិចតួចផ្សេងទៀត ប៉ុណ្ណោះ ។ ចំណេកសត្វព្រៃខុសច្បាប់ គាត់មិនមានលក់ទេ ដោយប្រការនេះ អាធរស្រុកបាធាយ បានហាមឃាត់ និងចុះណែនាំជាប្រចាំ ។

ឈ្មោះ ពេញ ស្រីលីន ភេទស្រី អាយុ ២៩ ឆ្នាំ ជាអ្នកលក់តូប មួយទៀត បានបញ្ជាក់ឲ្យដឹងដែរថា តូបរបស់គាត់មានលក់ត្រីឆ្អើរ, ត្រីងៀត, ងៀតគោ, ងៀតក្របី , និងភេសជ្ជៈផ្សេងៗ ។

ឈ្មោះ ពេញ ស្រីលីន បានបញ្ជាក់ថា នៅក្នុងតំបន់នេះ រយៈពេលកន្លងទៅ មានការលក់សត្វព្រៃខ្លះៗ ហើយសមត្ថកិច្ចបានបង្ក្រាបចាប់បាន ។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០២២-២០២៣ នេះ អ្នកលក់ដូរ និងមានលំនៅឋាន នៅតំបន់នេះ គ្មានអ្នកលក់សត្វព្រៃខុសច្បាប់នោះទេ ពីព្រោះ សមត្ថកិច្ចអាជ្ញាធរដែនដី បានធ្វើការណែនាំហាមលក់សត្វព្រៃ និងមានការចុះល្បាតជាប្រចាំផងដែរ ។

ដោយឡែកពលរដ្ឋ រស់នៅក្បែរនោះ និងធ្វើដំណើរឆ្លងកាត់តំបន់នោះញឹកញាប់ បានបញ្ជាក់ឲ្យដឹងផងដែរថា ថ្វីត្បិតតែការខិតខំប្រឹងប្រែង របស់អាជ្ញាធរដែនដី ក្នុងការទប់ស្កាត់បង្ក្រាប នូវបទល្មើសលក់សត្វព្រៃខុសច្បាប់នេះយ៉ាងណាក៏ដោយ ក៏នៅតែមានពួកឆ្លៀតឱកាស មកពីតំបន់ផ្សេងៗ បានសត្វព្រៃបន្តិចបន្តួច យកមកលួចលក់ នៅតំបន់នេះ ចន្លោះពេលសមត្ថកិច្ចមិននៅ ពោលគឺ នៅពេលអាជ្ញាធរមានសមត្ថកិច្ច ជាប់រវល់ការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិផ្សេងៗតែម្តង ។

ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុំ សារិន មន្ត្រីទទួលបន្ទុកផ្នែកផលិតកម្ម និងបសុខព្យាបាលស្រុកបាធាយ បានឱ្យដឹងដែរថា ចំពោះករណីលក់សត្វព្រៃខុសច្បាប់ នៅតំបន់ស្ពានត្រស់ នេះ លោកបានដឹកនាំ កងកម្លាំង ចុះល្បាតជាប្រចាំ និងបានណែនាំជារឿយៗ ដល់ប្រជាពលរដ្ឋលក់ដូរនៅតំបន់នេះ មិនឱ្យមានការលក់សត្វព្រៃខុសច្បាប់នោះទេ ។ ហើយប្រសិនបើ សមត្ថកិច្ចរកឃើញ នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយរុះតូបចោល ឈប់ឱ្យលក់ដូរនៅទីនេះតែម្តង។

លោក អ៊ុំ សារិន បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ អ្នកលក់ដូរពិតប្រាកដ មានតូបត្រឹមត្រូវ គឺ មានចំនួន ៨ តូប ប៉ុណ្ណោះ ក្រៅពីនោះ មានអ្នកនៅស្រុកផ្សេងៗ ដែលបន្លំយកសត្វមកលក់ ។

មន្ត្រីដដែលបានឲ្យដឹងផងដែរថា ពាក់ព័ន្ធបទល្មើសនេះ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចស្រុកបាធាយ ធ្លាប់បានបង្ក្រាប អ្នកលួចលក់សត្វព្រៃ ដែលមកពីស្រុកផ្សេង និងបានឃាត់ខ្លួនអ្នកប្រព្រឹត្ត រួមជាមួយវត្ថុតាង ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរសត្វព្រៃនេះ ។ ទន្ទឹមនឹងនេះសមត្ថកិច្ចស្រុកបាធាយ ក៏បានចុះល្បាតនៅតំបន់នោះជាប្រចាំផងដែរ ៕

To Top