ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. អនុញ្ញាតឱ្យប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានអនុញ្ញាតឱ្យប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ជាកិច្ចស្វាគមន៍ លោកអគ្គនាយក ប.ស.ស. ចាត់ទុកការអញ្ជើញមកបេឡាជាតិ សន្ដិសុខសង្គម របស់ប្រតិភូគណៈមេធាវីកម្ពុជា នាថ្ងៃនេះ ថាជាជំនួបពិភាក្សាដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានជួបជជែកពិភាក្សារួមគ្នាលើការងារច្បាប់ ពិសេសការងារពាក់ព័ន្ធ នឹងរបបសន្ដិសុខសង្គម ដែល ប.ស.ស. កន្លងមកបានធ្វើកិច្ចការពាក់ព័ន្ធ នឹងច្បាប់ជាច្រើន ទាំងការកសាងច្បាប់ និងការចុះអនុវត្តច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ។

ក្នុងជំនួបពិភាក្សានេះដែរ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានមានប្រសាសន៍៖ មកដល់ពេលនេះ គណៈមេធាវីមានសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន ២​ ៧០០រូប ដោយក្នុងអាណត្តិ ចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើង ដោយសារសេដ្ឋកិច្ចមានការរីកចម្រេីន តម្រូវការផ្លូវច្បាប់មានច្រើន ទន្ទឹមជាមួយគ្នានេះ បេឡាជាតិសន្ដិសុខសង្គម ក៏បានពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់បុគ្គលស្វ័យនិយោជន៍ គណៈមេធាវី ដែលមានមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាមានបំណងចុះបញ្ជី ជាសមាជិក ប.ស.ស. ក្នុងរបបសន្ដិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍។

ជាការឆ្លើយតប លោកអគ្គនាយក ប.ស.ស. បានសម្រេចឯកភាពយល់ព្រម លើការរៀបចំអនុញ្ញាត ឱ្យមេធាវីពេញសិទ្ធិ និងមេធាវីកម្មសិក្សា អាចចុះបញ្ជីចូលជាសមាជិក ប.ស.ស. នៅក្នុងគម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យសមាជិក គណៈមេធាវីទទួលបាន អត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។ ក្នុងនោះដែរលោកអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បេឡាជាតិសន្ដិសុខសង្គម នឹងត្រៀមខ្លួន ដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែង ទៅតាមតម្រូវការរបស់គណៈមេធាវី៕

To Top