ព័ត៌មានជាតិ

សម្តេចតេជោ ៖ ក្រុមហ៊ុនប៊ូយ៉ុង ផ្តល់ថវិកាដល់កម្ពុជា សម្រាប់ទិញរថយន្តក្រុង ១ពាន់គ្រឿង

" "

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា ក្រុមហ៊ុនប៊ូយ៉ុង ផ្ដល់ថវិកាដល់កម្ពុជា សម្រាប់បញ្ជាទិញរថយន្ដក្រុង១ពាន់គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកសន្ទះនានា។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ ក្រុមហ៊ុនប៊ូយ៉ុង ក៏បានផ្ដល់រថយន្ដ២០០គ្រឿង មកឲ្យកម្ពុជាផងដែរ។

" "

សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ផ្តល់ឱកាសប្រធានក្រុមហ៊ុនប៊ូយ៉ុង ចូលជួបពិភាក្សា ដោយសារកន្លងទៅ ក្រុមហ៊ុនប៊ូយ៉ុង បានប្រគល់ឲ្យសាលារាជធានីភ្នំពេញ នូវរថយន្តក្រុង២០០គ្រឿង អីចឹងដោយឃើញប្រសិទ្ធភាពនៃរថយន្ដក្រុង ហើយយើងបានប្រើប្រាស់ ក្នុងរយៈពេលកន្លងទៅ ជាពិសេសយើងដឹកមនុស្សជាង៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំ ហើយដឹកដោយសុវត្ថិភាព។ អីចឹងទេ កាលពីម្សិលមិញ គាត់ទៅជួបខ្ញុំ គាត់សុំផ្ដល់រថយន្ដក្រុង ១ពាន់គ្រឿងថែមទៀត»។

" "

សម្ដេចបន្ដថា ក្រុមហ៊ុនប៊ូយ៉ុងផ្ដល់រថយន្ដ១ពាន់គ្រឿងនេះ គឺក្រុមហ៊ុនសុំចាត់ចែងបម្រើតាមបណ្ដាខេត្តនានារបស់កម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការសន្ទះចរាចរណ៍ផងដែរ។

សម្ដេច បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើកិច្ចការងារនេះជាមួយក្រុមហ៊ុនប៊ូយ៉ុង។ សម្ដេចបញ្ជាក់ទៀតថា ក្រុមហ៊ុនសន្យាថា៥ឆ្នាំក្រោយ រថយន្ដ១ពាន់គ្រឿងនេះ នឹងក្លាយជាឡានអ៊ីត្រូសែន ដូច្នេះកម្ពុជានឹងកាន់តែទាន់សម័យ។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា ក្រុមហ៊ុនយ៉ុង ក៏មិនយកប្រាក់ចំណេញ ពីស្រុកខ្មែរឡើយ ដើម្បីទុកជួយពង្រីកការងារនៅស្រុកខ្មែរ ។ ជាងនេះទៅទៀត សម្ដេចក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន បើកសាកលវិទ្យាផ្នែកសុខាភិបាល នៅកម្ពុជាផងដែរ៕

To Top