ភ្នំពេញ ៖ ម្តងនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដូចជាលេងមែនទែនហើយ ដោយបានផ្ញើសារព្រមានដក ឪពុក-ម្តាយ និងបងប្អូនរបស់លោក ស៊ន តារា ចេញពីការងារទាំងអស់ បើសិនមិនប្រដៅកូនរបស់ខ្លួន ។ ដោយសម្តេចហៅបុគ្គលនេះថា ជាក្មេងពាលនិងឈ្លើយហួស។
ការហៅបុគ្គលស៊ន តារាជាក្មេងពាល និងឈ្លើយនេះដោយសារស៊ន តារា ម្តងហើយម្តងទៀតបានឡាយ តាមវិដេអូពីក្រៅប្រទេស មករិះគន់រាជរដ្ឋាភិបាល ជាពិសេសលើសម្តេចតែម្តង ដោយគ្មានសន្សំចៃមាត់ ហើយអ្វីដែលធ្វើឲ្យសម្តេចហាក់ខឹងសម្បារនោះគឺស៊ន តារា ថា នឹងមកចរចាជាមួយនាយករដ្ឋមន្រ្តី ប្រសិនបើចង់ឲ្យខ្លួន(ស៊ន តារា)មកចូលរួមជាមួយបក្សប្រជាជន។ ប៉ុន្តែសម្តេចបានវាយបកត្រឡប់ទៅវិញតាមរយៈពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះថា សម្តេចក៏មើលមនុស្សដែរ មុននឹងឲ្យមករួមរស់ជាមួយបក្ស កាន់អំណាច មិនមែនចេះតែយកមកទេ។

សម្ដេចតេជោបានរំលឹកថា កាលពីកម្ពុជាផ្អាកពិធីបុណ្យអុំទូក ដោយសារជាប់ប្រជុំ អាស៊ាន ក្មេងពាល ស៊ន តារា ថា «គ្មានថវិកាសម្រាប់រៀបចំ ពិធីបុណ្យអុំទូក»។ សម្ដេចបន្ដថា ឥឡូវនេះរាជរដ្ឋាភិបាល មិនយកថវិកា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ក្មេងពាល ស៊ន តារា ថា «មិនយកលុយពីស៊ីហ្គេម មកជួយអ្នកក្រ»។
សម្ដេចថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឲ្យកម្ពុជាមាននោះទេ។ តែការមិនយកនឹងធ្វើឲ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ។
សម្ដេចសង្ឃឹមថា ឪពុក-ម្ដាយ ស៊ន តារា នឹងខិតខំណែនាំកូនរបស់ខ្លួន។ សម្ដេចថា «កុំពតស្រឡៅ កុំប្រដៅក្មេងពាល» ។ សម្ដេច បានឲ្យដឹងថា នៅពេលណាមួយ សម្ដេច នឹងហៅ ឪពុក និងបងប្អូនរបស់ ស៊ន តារា មកប្រដៅម្ដងទៀត។
សម្ដេចគូសបញ្ជាក់ថា «សូមប្រាប់ឲ្យហើយ ឪ ម៉ែ ហ្អែងនៅស្រុកខ្មែរ បងប្អូនហ្អែងនៅស្រុកខ្មែរ បើហ្អែងចង់សាកមើល។ ឪ ម៉ែ មិនប្រដៅទេ ថ្ងៃក្រោយដក ឪ ម៉ែ បងប្អូនហ្អែង ចេញពីការងារទាំងអស់ កុំហ្អែងឈ្លើយពេក វាឈ្លើយហួស អាមួយហ្នឹង ។ ទៅដើរតួនាទី ដាក់លក្ខខណ្ឌ ទាល់តែធ្វើជាបេក្ខជន នាយករដ្ឋមន្ដ្រី ចង់ចរចាជាមួយអាញ (សម្ដេច)»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា កម្រិតចរចាជាមួយសម្ដេចបាន ទាល់តែប្រមុខរដ្ឋាភិបាលប្រទេសនានា ។ បើមានអ្នកសុំសួរសុខទុក្ខ គឺបាន។ ប៉ុន្ដែមកចរចាកុំនិយាយឲ្យសោះ។ សូម្បីគណបក្សនយោបាយនានាក្នុងស្រុកខ្មែរ ក៏គ្មានសិទ្ធិមកចរចាឡើយ បើសិនសុំសម្ដែងការគួរសម គឺសម្ដេច ផ្ដល់ឱកាសឲ្យ ៕
