ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមន៍អ្នកសារព័ត៌មាន កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ធ្វើបាឋកថា ស្ដីពី «អរិយធម៍សកល ពង្រីកទំហំនៃកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម» ដែលរៀបចំដោយ សមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន។
ថ្លែងក្នុងឱកាសនោះ លោក សយ សុភាព តាងនាមសមាគមអ្នកសារព័ត៌មានកម្ពុជាចិន បានលើកយកប្រធានបទ ដ៏មានសារៈសំខាន់មួយ ស្តីពី “អរិយធម៌សកល ពង្រីកទំហំនៃកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម”។
លោកបន្ថែមថា ពិតណាស់ថា អរិយធម៌មនុស្សជាតិ ស្តែងចេញឡើងតាមរយៈការរស់នៅ និងការប្រាស្រ័យទាក់ទងគ្នា ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ពីសង្គមមួយទៅសង្គម និងប្រទេសមួយទៅប្រទេសមួយ ដោយការគោរពគ្នាទៅវិញទៅមក ដើម្បីសេចក្តីសុខរម្យនា មិនប្រទេសតូច រឺធំ មិនថា ប្រទេសអភិវឌ្ឍន៍តិច រឺច្រើន នោះឡើយ។ ស្មារតីនៃអរិយធម៌សាកល ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ជាពិសេសការឱ្យតម្លៃគ្នាទៅវិញ និងការជួយអាសារគ្នាទៅវិញមក តាមរយៈមិត្តភាព កម្ពុជា ចិន បានស្តែងឱ្យឃើញក្នុងរយៈកាលនៃការរីករាលជំងឺកូវីដ-១៩។
យើងអាចនិយាយបានថា ក្នុងរយៈកាលនៃការរីករាលនៃជំងឺកូវីដ-១៩ មានការរើសអើងជនជាតិចិន ពីសំណាក់បណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាបច្ចិមប្រទេសមួយចំនួន ក៏ដូចជានៅអាស៊ីផងដែរ ដែលឆ្លុះបញ្ចាំងនូវចំណុច អវិជ្ជមានខ្លះ នៃឥរិយាបថរើសអើង ដ៏គួរស្អប់ខ្ពើម។
ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការឱ្យតម្លៃលើមិត្តភាពជាបងប្អូនល្អ និងជាមិត្តដែកថែប សម្តេច បានអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នៅគ្រាដែលបណ្តាប្រទេសជាច្រើន លើពិភពលោក មានរើសអើងលើប្រទេសចិន ប្រជាជនចិន ក៏ដូចជាថ្នាក់ដឹកនាំចិន។ នេះគឺជាកាយវិការមួយដ៏គួរឱ្យគោរព ដូចសុភាសិតខ្មែរ ដែលនិយាយ “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក” និងក៏បានឆ្លុះបញ្ចាំង ឱ្យឃើញឥរិយបថ ជួយយកអាសារក្នុងគ្រាលំបាកយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ទោះជាបីជាប្រទេសចិន បានប្រកាសប្រទេសឡើងវិញជាបណ្តើរៗ ហើយក៏បណ្តាប្រទេសមួយចំនួន នៅបន្តមានការរើសអើងតទៅទៀត ដែលផ្ទុយទៅនឹងការគោលការណ៍៍ជារួម គឺមិនប្រកាន់ជាតិសាសន៍ ពណ៌សប្បុរ និន្នាការនយោបាយ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រប្រជាជាតិ ។
ខុសពីបណ្តាប្រទេសទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវការការស្វាគមន៍ភ្ញៀវទេសចរទាំងអស់ នៅជុំវិញពិភពលោក មិនថា មកពីប្រទេសណាៗនោះទេ ឱ្យតែចាក់វ៉ាក់សាំងរួច គឺស្វាគមន៍ ដោយក្តីបតិសោមនស្សរីករាយ។
វត្តមានរបស់យើងនៅក្នុងពេលនេះ គឺការរួមចំណែកក្នុងការលើកកម្ពស់អរិយធម៌សាកល តាមរយៈការសន្ទនាគ្នា ដ៏ស្មោះត្រង់ ដើម្បីផលប្រយោជន៍មនុស្សជាតិ តទៅថ្ងៃអនាគត។ អាចនិយាយបានថា វ៉ាក់សាំង ដែលកម្ពុជា បានទទួលជំនួយនិងទិញពីប្រទេសចិន ដែលមុននេះ គេលើកឡើងវ៉ាក់សាំង គ្មានប្រសិទ្ធភាព ពិតជាបានធ្វើប្រទេសកម្ពុជាបើកឡើងវិញ គួរជាទីមោទកភាព ដោយក្នុងរាជរដ្ឋាភិបាលកម្ពុជា បានយកវ៉ាក់សាំងចិន ជាវ៉ាក់សាំងយុទ្ធសាស្រ្ត សម្រាប់ជូនប្រជាពលរដ្ឋកម្ពុជា។
លោក សយ សុភាព បានវាយតម្លៃថា ក្រោមការដឹកនាំ ដ៏រឹងមាំ របស់លោក ស៊ី ជីនភីង ស្នូលសេដ្ឋកិច្ចរបស់ប្រទេសចិន រក្សាល្បឿនកំណើនខ្ពស់ និងមធ្យម ដែលជាប់លំដាប់ខ្ពស់ ក្នុងចំណោមប្រទេសសំខាន់ៗ នៅលើពិភពលោក ។ ផលិតផលសរុបក្នុងស្រុក កើនឡើងពី៥៤ ទ្រីលានយាន់ រហូតដល់៨០ទ្រីលានយាន់ ជាប់លំដាប់ទី២ នៅលើពិភពលោក ។ កំណែទម្រង់ ត្រូវបានជំរុញឲ្យកាន់តែស៊ីជម្រៅ ។
ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសចិន និង បណ្តាប្រទេសទូទាំងពិភពលោក លោក សយ សុភាព យល់ឃើញថា ប្រទេសចិន បានពាំនាំមកសុភមង្គល ជូនប្រជាជន ដើម្បីបុព្វហេតុ វឌ្ឍនភាពរបស់មនុស្សជាតិ ។ យើងដឹងថា ប្រទេសចិន តែងតែចាត់ទុកការរួម វិភាគទានថ្មី កាន់តែធំដើម្បីមនុស្សជាតិ ជាបេសកកម្ម របស់ខ្លួន ។
អត្រារួមវិភាគទានចិន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក លើសពី៣០ភាគរយ ជាប់លំដាប់លេខមួយ នៅលើពិភពលោក ។ ប្រទេសចិន ខិតខំក្នុងការថែរក្សាសន្តិភាព ពិភពលោក ជំរុញការអភិវឌ្ឍរួមគ្នា ប្រកាន់ខ្ជាប់នូវអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ មេត្រីភាព ជាមួយបណ្តាប្រទេសនានា ដោយឈរលើមូលដ្ឋាននៃគោលការណ៍ សន្តិសហវិជ្ជមាន ជំរុញកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលគោរពគ្នាទៅវិញទៅមក មានយុត្តិធម៌ និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ។
អនុញ្ញាតិឱ្យរម្លឹកឡើងវិញថា របាយការណ៍ មហាសន្និបាត លើកទី១៩នៃគណបក្សកុំម្មុយនីស្ត បានអំពាវនាវគ្រប់ប្រទេសនានា សហការគ្នា ដើម្បីបង្កើត សហគមន៍រួម វាសនាតែមួយ នៃមនុស្សជាតិ និងកសាងពិភពលោក ដែលមានសន្តិភាព យូរអង្វែង សន្តិសុខទូទៅ វិបុលភាពរួមគ្នា ការបើកទូលាយ បរិយាប័ន និង ភាពស្រស់ស្អាត ។ ក្នុងន័យនេះ ប្រទេសចិន នឹងបន្តដើរតួនាទី ជាប្រទេសធំ ទទួលខុសត្រូវ ចូលរួមក្នុង ការកែទម្រង់ និងកសាងប្រព័ន្ធគ្រប់គ្រងពិភពលោក យ៉ាងសកម្ម ផ្តល់គតិបណ្ឌិត និងកម្លាំងរបស់ខ្លួន ដោយឥតឈប់ឈរ ។
ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសចិននិងកម្ពុជា លោក សយ សុភាព យល់ឃើញ ថា ការអភិវឌ្ឍនៃប្រទេសចិន មិនអាច កាត់ផ្តាច់ពិភពលោក មិនអាចកាត់ផ្តាច់ពីទ្វីបអាស៊ី ក៏មិនអាចកាត់ផ្តាច់ពី ប្រទេសកម្ពុជា បានទេ។ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភ័ក្ដិល្អ បងប្អូនល្អ ដៃគូល្អ ប្រទេសកម្ពុជា សង្ឃឹម យ៉ាងស្មោះ ថា ប្រទេសចិន អាចសម្រេចបាន ស្ថិរភាពនិងវិបុលភាព រយៈពេលវែង ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម។ នេះសបង្ហាញឱ្យឃើញនូវការបន្តថែរក្សាកិច្ចសហប្រត្តិការទ្វេភាគី និងពហុភាគី។
ឆ្លៀតក្នុងឱកាស ដ៏វិសេសវិសាលនេះ លោក សយ សុភាព សូមសម្តែងនូវការគោរព កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន រដ្ឋបុរសសន្តិភាពនៃកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់ នូវគោលនយោបាយពហុភាគីនិយម នៅលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍មនុស្សជាតិ នៅទូទាំងពិភពលោកទំាងមូល។ នៅគ្រប់វេទិកាតំបន់និងអន្តរជាតិ សម្តេចតែងតែរំលេចនូវ ភាពចាំបាច់នៃការបន្តការគាំទ្រ ពហុភាគីនិយម ជាពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២២ប្រកបដោយជោគជ័យ ជាផ្លែផ្កាសម្រាប់តំបន់ និងប្រទេស ក៏ដូចអអង្គការអន្តរជាតិ ជាដៃគូសន្ទនារបស់អាស៊ាន។
មុននឹងបញ្ចប់ លោក សយ សុភាព បានស្នើឱ្យសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បន្តរៀបចំនូវវេទិកាបែបនេះតទៅទៀត ហើយក្នុងនាមសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន យើងត្រៀមខ្លួនជាស្រេច ដើម្បីចួលរួមរិះរកនូវទស្សនៈ និងគំនិតថ្មីៗ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសបន្តពង្រឹងទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា ចិន កាន់ល្អប្រសើរថែមទៀត៕