ព័ត៌មានជាតិ

សម្តេចតេជោ អំពាវនាវឲ្យការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកឲ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត ។

ការអំពាវនាវរបស់សម្តេចនេះ បានធ្វើឡើងតាមរយៈសារលិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញា ពិភពលោកឆ្នាំ២០២៣ នាថ្ងៃ២៦ មេសា។

ទោះបីយ៉ាងនេះក្តី សម្តេចក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងអំពីការមិនសូវយកចិត្តទុកដាក់ដើមត្នោត ខ្មែរផងដែរ ដោយសម្តេចថា អាស្រ័យដោយការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឲ្យមានកំណើនវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដែលស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃ អចលនទ្រព្យ បានធ្វើឲ្យប្រជាពលរដ្ឋបោះបង់មុខរបរផលិតស្ករត្នោត ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះ ការធ្លាក់ចុះផលិតផលស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ ។

ផលប្រយោជន៍ពីដើមត្នោតនេះ សម្តេចក៏បានលើកឡើងអំពីករណីស្ករត្នោតកំពង់ស្ពឺដែលបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០ផងដែរ ហើយបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេងទៀត។ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឲ្យមានការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិដែលបាននាំចេញទៅកាន់សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងថៃ។

សម្តេចតេជោបន្តថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន៖ ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួល ដែលមានដើមត្នោតសរុបប្រមាណ ៣០ ០០០ដើម ប៉ុន្តែបច្ចុប្បន្នមានតែដើមត្នោតចំនួន ៣ ៦៣៧ ដើមប៉ុណ្ណោះអាចផលិតស្ករត្នោតបានបរិមាណ២៥០តោនដែលបាននិងកំពុងអាស្រ័យផលដោយគ្រួសារចំនួន១៥៣ ជាសមាជិកសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។

សម្តេចរៀបរាប់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើនតម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមអភិរក្សដើមត្នោតដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា។ ក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សា កេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោតដែលជាសម្បត្តិវប្បធម៌ សម្រាប់ការពារអត្តសញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរផងដែរ៕

To Top