ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នេីសមាគមជប៉ុន-កម្ពុជា ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន ខណៈផលិតផលរបស់កម្ពុជា ពេលនេះ មានគុណភាពល្អ និងមិនប្រើគីមីច្រើននោះទេ។
នាឱកាសអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យលោក តាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស។
សម្ដេច ថា កម្ពុជា នៅពេលនេះ កំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រ ប្រមាណ១លាន ៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ បញ្ជាក់ថា “ស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ”។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថា នៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា, ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា បានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ។
ក្នុងជំនួបនេះ លោក តាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគម ជប៉ុន-កម្ពុជា រួមមាន៖
ទី១-កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។
ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, លើសវិស័យជួសជុលយានយន្ត និងលើវិស័យ បដិសណ្ឋារកិច្ច។
ទី៣-កំពុងរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះនឹងមានការអុចកាំជ្រួចអបអរសាទរផងដែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។
ទី៤-ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។
ទី៥-គោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្តឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះ កម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា៕