ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃបញ្ជា អាជ្ញាធរបន្ដបង្ក្រាបអំពើជួញដូរមនុស្ស និងស្រាវជ្រាវរកជនល្មើស មកផ្តន្ទាទោស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាឲ្យអាជ្ញាធរ បន្ដត្រួតពិនិត្យ និងបង្ក្រាបករណីបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើទារុណកម្ម ព្រមទាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ ហើយស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈបញ្ជាការដឹកនាំប្រតិបត្តិការ នៃ គ.ជ.ប.ជ ដឹកនាំដោយ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបញ្ជីតាមដានពាក់ព័ន្ធសំណើ និងសំណូមពរ តាមរយៈ Facebook សម្ដេច និងប្រភពផ្សេងៗទៀត ចំនួន ៦៩២សំណើ ក្នុងនោះ សំណើ និងសំណូមពរ ស្ទួនមាន ៣១សំណើ ដូច្នេះសំណើជាក់ស្ដែងមានចំនួន ៦៦១សំណើ។ ផ្អែកតាមប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតលើសំណើ សំណូមពរ ដែលទទួលបានទាំង ៦៦១សំណើ បានស្រាវជ្រាវរកឃើញចំនួន ៤៣១សំណើ មនុស្សសរុប ១.០៣១នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានសរសេរថា តាមរយៈលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ អាចសន្និដ្ឋាន និងវាយតម្លៃបានថា ឆ្លងកាត់រយៈពេលជាង ៤ខែ នៃចុងឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវ កម្មផ្លូវភេទ ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធិភាព ធ្វើឲ្យសភាពការណ៍ ពាក់ព័ន្ធដល់សំណើសុំអន្តរាគមន៍ជួយដល់ជនបរទេស មានការថយចុះគួរឲ្យកត់សម្គាល់។

សម្ដេច គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការវិតត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់»។

សម្ដេច បន្ថែមថា អាជ្ញាធរនឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឲ្យបានដាច់ខាតដល់ ជនបរទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាត់វិធានការឱ្យបានម៉ឹម៉ាត់ចំពោះដនបទសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។

សម្ដេច បន្ដថា ឈរលើការងារដ៏មានសារៈសំខាន់នេះ អាជ្ញាធរនឹងបន្តពិនិត្យ វាយតម្លៃលើសំណុំរឿង ដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធីប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ពិកនៅតាមច្រក សមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលមានជនជាតិរបស់ខ្លួន។

ជាមួយគ្នានេះ សម្ដេច ស ខេង បានជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕

To Top