ព័ត៌មានជាតិ

សម្ដេចតេជោ ក្រើនរំលឹកដល់មន្ដ្រីត្រូវចាំថា ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសក្រើនរំលឹក ដល់មន្ត្រីទាំងអស់ត្រូវចាំឲ្យបានថា ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយឡើយ ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងថា “មន្ដ្រីត្រូវរំលឹកខ្លួនឯងថា គឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ ត្រូវចាំ ដោយកុំអាងបានធ្វើមន្ដ្រី ហើយប្រើអំណាច ទាំងទទឹងទិស ត្រូវចាំឲ្យបាន គឺយើងជាអ្នកបម្រើដ៏ ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ត្រូវចាំឲ្យជាប់ ។ បើក្ដាប់មិនជាប់កន្លែងហ្នឹងទេ មន្ដ្រីនឹងងាយនឹងរបូត បើរបូតហើយ ខ្មែរថា ឆ្កែមិនមើលមុខដែរ ដោយសារការស្អប់របស់ប្រជាជន ទៅនឹងទង្វើមិនល្អរបស់មន្ដ្រីទាំងនោះ»។

សម្ដេចបន្ដថា ដូច្នេះមន្ដ្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការអប់រំ គុណធម៌ សីលធម៌របស់មន្ដ្រីខ្លួន ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយ ប្រជាពលរដ្ឋឡើយ ។ សម្ដេចសង្កេតឃើញថា ចំនួនមន្ដ្រីធ្វើការ បម្រើប្រជាពលរដ្ឋ ដែលនៅកៀកប្រជាពលរដ្ឋ គឺកាន់តែល្អប្រសើរបន្ថែមទៀត ។ បញ្ហានេះ ទើបសម្ដេច បន្តលើកទឹកចិត្តឲ្យជ្រើស រើសមន្ត្រីក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អភិបាលតខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ដោយធ្វើការសម្របសម្រួល។ សម្ដេចថា ដើម្បីធានាបានលើបញ្ហានេះមន្រ្ដី គឺត្រូវឈរនៅលើចំណុចកណ្ដាល។ ជាពិសេស សម្ដេច ណែនាំដល់ មន្រ្ដីត្រូវប្រយ័ត្នចំពោះការចុះហត្ថលេខាលើដី កម្របព្រៃឈើ និងដីអភិរក្ស៕

To Top