ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ណែនាំពលរដ្ឋទប់ស្កាត់ ការចម្លងមេរោគនានា ឬពុលចំណីអាហារ អំឡុងពេលទស្សនាស៊ីហ្គេម

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងមេរោគនានា និងការពារការរាគរូស ឬពុលចំណីអាហារ ក្នុងអំឡុងពេលទស្សនា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «ខ្ញុំសូមណែនាំប្រជាពលរដ្ឋទូទៅ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារទប់ស្កាត់ការចម្លង រោគនានា និងការពារការរាករូស ឬពុលចំណីអាហារ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាព ចំណីអាហារ បរិភោគចំណីអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬទឹកដាំពុះ ជាពិសេស សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ ដែលអាចកើតមានជាយថាហេតុ ហើយបើបងប្អូនវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ និងហៅរកអ្នកជួយសង្គ្រោះ»។

លោក រដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមការពារការចម្លងរោគដូចជា ជំងឺអេដស៍ ផ្តាសាយ រលាកបំពង់ក និងរលាកផ្លូវដង្ហើម ជាពិសេសត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងវីរុសផ្ដាសាយបក្សីជាដើម ដែល ក្រសួងសុខាភិបាលតែងតែបានចេញផ្សាយជាហូរហែររួចមកហើយ។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ថែមថា ចំពោះអ្នកមានជំងឺឡើងសម្ពាធឈាម ត្រូវប្រុងប្រយ័ត្នផ្ទាល់ខ្លួន កុំនៅកន្លែងចង្អៀត ឬប្រជ្រៀតនៅកន្លែងចង្អៀត កាលណា នៅកន្លែងណែន ឬចង្អៀតពេក អាចធ្វើឲ្យមានការថប់ផង វិលមុខផង គួបផ្សំនឹងចរន្តឈាមយើងរត់មិនស្រួលផង អាច ធ្វើឲ្យសម្ពាធឈាមឡើង ឬអ្នកដែលខ្សោយ ពិសារទឹក ឬអាហារមិនគ្រប់គ្រាន់ ឬអាចមានខ្វះជាតិស្ករ ឬសម្ពាធឈាម ចុះក៏អាចមានដែរ ទាំងអស់នេះក៏អាចធ្វើឲ្យដួលសន្លប់បានដែរ៕

To Top