ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យកងកម្លាំង មានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងតុបតែង រាជធានីភ្នំពេញ ឲ្យមានសោភ័ណភាព ពិសេសត្រូវបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនតំឡើងLED ទាំង៧ទីតាំង សម្រាប់ការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។
ការណែនាំរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានលើកឡើងថា សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាឲ្យបានល្អនូវអនាម័យ បរិស្ថាន ដើម្បីឲ្យរាជធានីភ្នំពេញ នៅតែមានសោភណ្ឌភាពស្អាតជានិច្ច។ បន្ថែមពីនេះទៀត សម្រាប់អាជ្ញាធរខណ្ឌ ត្រូវបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនតំឡើងLED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យបានល្អ ជាមួយនិងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ នៅទីតាំងទាំង៧ឲ្យបានល្អផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ មានការប្រកួតចំនួន១៥ថ្ងៃ ដូច្នេះយើងត្រូវរៀបចំវេនប្រចាំការឲ្យបានច្បាស់លាស់ ៕