ភ្នំពេញ៖ ក្រោយបើកការស្រាវជ្រាវ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជនជាតិចិន ចាប់ជំរិតទារប្រាក់ប្រមាណ១០លានដុល្លារ ពីជនជាតិចិនដូចគ្នា សមត្ថកិច្ចកម្ពុជា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។
ជនសង្ស័យ មានឈ្មោះ Zhao Yunlei ។


សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់ ១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់ រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យ មានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួលបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ របស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

ចំពោះករណីនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណី បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕

