ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើប្រជាពលរដ្ឋកុំប្រមាថមាក់ងាយចំពោះកីឡាករប៊ូខាវ ឬកីឡាករបរទេសផ្សេងទៀត ដើម្បីរក្សាភាពថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ នៃស៊ីហ្គេម។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្រោយមានហ្វេសប៊ុកមួយចំនួន បានសរសេរពាក្យមិនសមរម្យចំពោះវត្តមានកីឡាករ ប៊ូខាវមកចូលរួមក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «កូនប្រុសភាសារប្រមាថចំពោះភ្ញៀវមកប្រទេសយើង មិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករ ប៊ួ ខាវ មិនមក ឬមក យើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។ កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើង តំណាងឲ្យប្រជាជនថៃជាង ៦០លាននាក់ ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេស និងប្រទេស ដែលចាំបាច់ត្រូវមាន មិត្តភាពនិងសាមគ្គីភាពជាមួយគ្នា»។
សម្ដេចតេជោ បន្ដថា សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេស និងប្រទេស។
សម្ដេចតេជោ គូសបញ្ជាក់ទៀតថា «សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈ ជាម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ៕