ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ ក្រសួងការបរទេសថៃ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួល ជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿនការដោះលែងពលករដែលលួចឆ្លងដែនខុសច្បាប់ ១៤នាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៨ មេសានេះ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានធ្វើបច្ចុប្បន្នភាពអំពីការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់ ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ។
លោកបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ ដោយបានទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ (ក្នុងនោះមានស្រីចំនួន៥នាក់) នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។
លោកអ្នកនាំពាក្យបន្ថែមថា នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក ពលករទាំងនោះត្រូវបានអាជ្ញាធរ ថៃ ដាក់ខ្នោះច្រវ៉ាក់ ដោយសារខ្លាចរត់គេចខ្លួន ហើយពួកគាត់ត្រូវបានអាជ្ញាធរថៃ ដោះខ្នោះច្រវ៉ាក់ចេញវិញ ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ (ទីក្រុងបាងកក)។
លោកបន្តថា តាមការសម្របសម្រួលនិងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំនិងបំពេញសំណុំឯកសារ ចប់សព្វគ្រប់។
លោក អាន សុខខឿន បញ្ជាក់ថា «បន្ថែមលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃផងដែរ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿនការដោះលែងពលករទាំង១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។ ជាការឆ្លើយតប តំណាងក្រសួងការបរទេសថៃ បានសន្យាថា នឹងពាំនាំសំណើរបស់ស្ថានទូតកម្ពុជា ជម្រាបជូនតម្រួតអន្តោប្រវេសន៍ថៃ» ។
ជាមួយគ្នានោះលោកបានបញ្ជាក់បន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏ដូចជា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ តែងតែណែនាំដល់ពលករខ្មែរទាំងអស់ ឱ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ ដើម្បីជៀសវាងនូវផលវិបាកនានា ៕